ឯកឧត្តម ម៉ែន វិបុល ជំរុញឲ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិកឲ្យបានច្រើន


ស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំរុញឲ្យថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បន្តពង្រីកសមាជិក សមាជិការបស់ខ្លួនឲ្យបានច្រើន ដើម្បីរួមគ្នាជួយដល់សង្គមជាតិ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ម៉ែន វិបុល ធ្វើឡើងក្នុងកិច្ចជំនួបជាមួយក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តស្វាយរៀង។

ថ្លែងក្នុងកិច្ចជំនួបនោះឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងជាប្រធានក្រុមការងារ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ម៉ែន វិបុល និងរដ្ឋបាលខេត្តស្វាយរៀង ដែលបានអនុញ្ញាតឲ្យក្រុមការងាររបស់សមាគម ចូលជួបសម្តែងការគួរសម បង្ហាញសមាសភាពថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្ត ដើម្បីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង បានបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ក៏ដូចជាសង្គមជាតិទាំងមូល ពិសេសបានចូលរួមចំណែកជួយដល់កិច្ចការងារផ្សេងៗរបស់រដ្ឋបាលខេត្តស្វាយរៀង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានជម្រាបជូនដល់ឯកឧត្តមអភិបាលខេត្ត អំពីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA ជាសមាគមក្រៅរដ្ឋាភិបាល បង្កើតឡើងដោយក្រុមយុវជនជាបញ្ញាវន្តខ្មែរ និងអ្នកមានអាជីព និងបទពិសោធលើវិស័យសារព័ត៌មាន ជាពិសេសជាក្រុមយុវជនខ្មែរ ដែលស្រលាញ់កិច្ចការងារសង្គម ការងារមនុស្សធម៌ វិស័យសារព័ត៌មាន ការអភិវឌ្ឍធនធានមនុស្ស សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌។ល។ ត្រូវចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ ១ ០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងក្រសួងព័ត៌មាន លេខ០០៥ ព.ស ល.អ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបន្តថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណង ៖ ទី១. កៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ចូលជាសមាជិក ដើម្បីរួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយ ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា ឱ្យបានត្រឹមត្រូវ បើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ច្បាប់ និងជំនាញអភិវឌ្ឍធនធានមនុស្សផ្សេងៗទៀត។ ទី២. ចូលរួមផ្សព្វផ្សាយសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឲ្យបានកាន់តែទូលំទូលាយ ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែមានប្រសិទ្ធភាព។ ទី៣. បង្កើតដៃគូសហការជាមួយអង្គការ សមាគម សហគមន៍ ក្រុមហ៊ុន សហគ្រាសនានាដើម្បីរួមគ្នាបម្រើកិច្ចការងារសង្គម ការពាររាជរដ្ឋាភិបាលស្របច្បាប់ ថែរក្សានិងការពារសុខសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ទី៤. កៀរគរសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក ដើម្បីរួមគ្នាធ្វើកិច្ចការងារសង្គម មនុស្សធម៌ សាសនា អប់រំ កីឡា សិល្បៈ វប្បធម៌ ។ល។

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា រយៈពេល ១ឆ្នាំ ២ខែ នៃការបើកដំណើរការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សមាគមសម្រេចបានលទ្ធផលមួយចំនួនដូចជា៖ ១. មានអង្គភាពសារព័ត៌មាន ចំនួន ៥២អង្គភាព ជាសមាជិក ២. មានអង្គការ សមាគម ជាដៃគូ ចំនួន ១០ស្ថាប័ន ៣. មានក្រុមហ៊ុន សហគ្រាស ជាដៃគូ ចំនួន ២៣ស្ថាប័ន ៤. មានសមាជិក សមាជិកាទូទាំងប្រទេស ចំនួន ២ ៥១៨អង្គ/នាក់ ៥. រៀបចំរចនាសម្ព័ន្ធសមាគមរាជធានី ខេត្ត បានចំនួន ១០រាជធានី ខេត្ត ៦. បានបើកវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មាន ចំនួន ២វគ្គ ដែលមានសិក្ខាកាមចូលរួមចំនួន ៩៥០អង្គ/នាក់ ៧. បានចេញផ្សាយព័ត៌មានពីរាជរដ្ឋាភិបាល គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងថ្នាក់ក្រោមជាតិ ២៣ ៧៥០ព័ត៌មាន ៨. ផ្តល់អាហារូបករណ៍ ១០០% ជូនដល់សមាជិក សមាជិកា បានចំនួន ៧៥កន្លែង ៩. ជួយរកការងារជូនសមាជិក សមាជិកា បានចំនួន ១៥នាក់ ១០. បានផលិតវីដេអូអប់រំខ្លីៗ បានចំនួន ៥វីដេអូ ១១. ចុះធ្វើសកម្មភាពមនុស្ស ចំនួន ៣០លើក ១២. រៀបចំអ្នកសង្កេតការណ៍បោះឆ្នោតជាតិឆ្នាំ២០២៣ បានចំនួន ៣ខេត្ត រួមមាន ៖ ខេត្តស្វាយរៀង ព្រៃវែង និងខេត្តបន្ទាយមានជ័យ។

ដោយឡែកសម្រាប់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានជម្រាបជូនថា ក្ន៧ងរយៈពេល ៥ខែ នៃការកកើតចេញជារូបរាងឡើង ក្រោមការដឹកនាំ ចង្អុលបង្ហាញ និងឧបត្ថម្ភគាំទ្រពីឯកឧត្តម តូច ប៉ូលីវ៉ា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង និងការដឹកនាំផ្ទាល់របស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ សមាគមខេត្តស្វាយរៀង មានរចនាសម្ព័ន្ធនៅថ្នាក់ខេត្ត និងនៅថ្នាក់ស្រុក ក្រុងទាំង៨ ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៣០២នាក់ និងបានចុះធ្វើសកម្មភាពសង្គម មនុស្សធម៌ បានចំនួន ១០លើក។ និងមានទីស្នាក់ការផ្ទះលេខ០៣ ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ។

ឆ្លើយតបទៅនឹងរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ នាឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសម្តែងការអបអរសាទរ និងគាំទ្រចំពោះវឌ្ឍនភាពនៃលទ្ធផលការងារ និងសកម្មភាពជាច្រើនរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មិនថាការងារសង្គម ការងារមនុស្សធម៌ ការងារបណ្តុះបណ្តាល និងតម្រង់ទិសជំនាញសារព័ត៌មាន និងការឆ្លើយតបប្រឆាំងនឹងព័ត៌មានក្លែងក្លាយជាដើម ដែលជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល​ ក៏ដូចជាសង្គមជាតិទាំងមូល​ ពិសេសបានចូលរួមជួយកិច្ចការងារសង្គមផ្សេងៗជាមួយរដ្ឋបាលខេត្តស្វាយរៀង ផងដែរ។

ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ែន វិបុល ក្នុងនាមរដ្ឋបាលខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង ជួយធ្វើជាភ្នែកច្រមុះឲ្យរដ្ឋបាលខេត្ត ក្នុងការផ្តល់ព័ត៌មានពីបញ្ហាប្រឈម ក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីឲ្យរដ្ឋបាលខេត្ត ធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ ទឹម ស៊ីវឿន

































Theme images by Radius Images. Powered by Blogger.