ឯកឧត្តម ស សុខា ៖ ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើន
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “ជាង ៤០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនរួមមាន៖ រំដោះប្រទេសជាតិចេញពីសោកនាដកម្មដែលបង្កឡើងដោយរបបខ្មែរក្រហម ការបង្រួបបង្រួមជាតិរវាងភាគីខ្មែរដែលមានជម្លោះ រហូតឈានដល់មានសន្តិភាពពេញលេញនៅកម្ពុជា”។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ២០០គ្រួសារ ក្នុងស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម ស សុខា បានថ្លែងបន្តថា ក្នុងនោះដែរភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម មានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។
ទន្ទឹមនឹងនេះកិត្តិយសជាតិ ក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ ដោយកម្ពុជា បាន និងកំពុងតែចូលរួមដោយស្មើភាព និងស្មើសិទ្ធិនៅក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និងសកលលោក។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់មានប្រសាសន៍ថា រាល់សមិទ្ធផលដែលគណបក្សបានសម្រេចជូនជាតិមាតុភូមិ ក្នុងរយៈពេល ៤០ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្ស មានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្ស ប្រកបដោយ គុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ដែរថា សម្រាប់ខ្ញុំ គឺវាមិនមែនជារឿងចៃដន្យនោះឡើយ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋភាគច្រើននៅទូទាំងប្រទេសនោះ។ ការណ៍នេះ ក៏ដោយសារថ្នាក់ដឹកនាំរបស់គណបក្ស តែងតែលើកទឹកចិត្តនិងជំរុញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់គ្រប់លំដាប់ថ្នាក់ ចុះទៅតាមមូលដ្ឋាននានា ដើម្បីស្វែងយល់ ក៏ដូចជាក្តាប់ឲ្យបាននូវតម្រូវការចាំបាច់ បញ្ហាប្រឈម រួមទាំងសំណូមពររបស់ពលរដ្ឋ ក្នុងន័យឆ្លើយតបឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើងនិន្នាការនយោបាយនោះឡើយ។ ពោលគឺទីណាពលរដ្ឋមានទុក្ខ ទីនោះមានមុខមន្ត្រីពាក់ព័ន្ធ ចុះសម្របសម្រួលស្ថានការណ៍ ក៏ដូចជាដោះស្រាយបញ្ហាភ្លាមៗដែរ៕
អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត
Post a Comment