ដឹង​មូលហេតុ​ហើយ​! ត្រី​ប្រា​ងា​.​ប់រាប់​តោន​នៅ​ក្នុង​ស្រះ​ក្រោយ​វត្ត​អូរ​រាំង​ឪ

 

បើ​តាម​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣​នេះ​ថា ស្រះ​ទឹក​មួយ​កន្លែង​នេះ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ជីក និង​ចាប់ផ្ដើម​ចិញ្ចឹម​ត្រី​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៦ រហូត​មក​ដល់​បច្ចុប្បន្ន​។ ដោយនៅ​ក្នុង​នោះ មាន​ត្រី​ជា​ច្រើន​ប្រភេទ ដូច​ជា ៖ ត្រី​អណ្ដែង ត្រី​ក្រហម ត្រី​ប្រា អណ្ដើក​…​។​ល​។ ដែល​ស្រះ​នេះ​មាន​ទំហំ​ប្រមាណ​៥០​ម៉ែត្រ​បួន​ជ្រុង និង​ជម្រៅ​៣​ម៉ែត្រ ព្រមទាំង​បាន​កែ​ច្នៃ​ជា​កន្លែង​រមណីយដ្ឋាន​សម្រាប់​មនុស្ស​ម្នា ក្មេង​ចាស់ ប្រុស​ស្រី មក​លេង​ពេល​ព្រឹក រហូត​ដល់​ល្ងាច​ទៀត​ផង​។
សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា លុះ​រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣ កន្លង​ទៅ គេ​ចាប់ផ្ដើម​សង្កេត​ឃើញ​ត្រី​ប្រា​ងា​.​ប់​ផុស​អណ្ដែត​លើ​ផ្ទៃ​ទឹកស្រះ​ជា​បន្តបន្ទាប់​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ ដោយ​ត្រី​ក្នុង​មួយ​ក្បាលមាន​ទម្ងន់​ពី​៤​ទៅ​៦​គីឡូក្រាម ហើយ​ត្រី​ទាំង​អស់នេះ គឺ​ព្រះសង្ឃ​ជា​អ្នក​ចិញ្ចឹម​។ សព្វ​ថ្ងៃនេះ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​ព្រះសង្ឃ​បាន​អភិវឌ្ឍន៍​ស្រះ​ធុតង្គ និង​បរិវេណ​នៅ​ជុំវិញ​ស្រះ មាន​ភាព​ស្រស់​ស្អាត និង​បាន​ទាក់ទាញ​មនុស្ស​ម្នា ក្មេង​ចាស់ ប្រុស​ស្រី​មក​កម្សាន្ត​លេង​ទាំង​ព្រឹក ទាំង​ល្ងាច ដោយ​អ្នកខ្លះ​បាន​ទិញ​ចំណី​ត្រី​យក​មក​បាច​ឱ្យ​ត្រី​ស៊ី ហើយ​គេ​ក៏​សង្កេត​ឃើញ​ថា ពពួក​ត្រី​ទាំងនោះ គឺ​មក​ទាំង​ហ្វូង​តែ​ម្ដង ដើម្បី​ដណ្ដើម​ចំណី​គ្នា​ស៊ី​ជា​អាហារ​។
សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​បន្ត​ឲ្យ​ដឹង​បន្ត​ទៀត​ថា តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ មេឃ​បាន​បង្អ​ល់​ធ្លាក់​ភ្លៀង​ចុះ​មក​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទឹកស្រះ​នោះ មិន​មាន​ចរន្ត​ហូរ​ចេញចូល​ទៅ​ណា​នោះ​ទេ ធ្វើ​ឱ្យ​ទឹក​មើលទៅ​រាង​សម្បុរ​ខ្មៅ បន្ទាប់​មក​ស្រាប់តែ​មាន​ត្រី​ប្រា បាន​ពុល​ងា​.​ប់​ជា​បន្តបន្ទាប់​តែ​ម្តង​។ ហើយ​ក៏​ត្រូវ​បាន​ព្រះសង្ឃ ក៏​ដូច​ជា​លោក​វរសេនីយ៍ឯក​វង្ស សុ​ភី អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ បាន​ចុះ​ពិនិត្យ​នៅ​កន្លែង​ស្រះ​ទឹក​ហ្នឹង​ផង​ដែរ ដោយ​ដាក់​ការ​សង្ស័យ​ថា មូលហេតុ​នេះ អាច​បណ្ដាល​មក​ពី​ពុល​ទឹក​ច្រើន​ជាង​។​ប្រ​សិន​ណា បើ​ពុល​ថ្នាំ​វិញ គឺ​ត្រី​ប្រភេទ​ផ្សេង​ទៀត​ក៏​នឹង​ត្រូវ​ងា​.​ប់​ដែរ​។ ចំពោះ​អណ្ដើក​វិញ គឺ​មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ដែល​បួងសួង​សុំ​សុខ និង​បាន​យក​ទៅ​លែង​ក្នុង​ស្រះ​ទឹក​នោះ​ដែរ​។
ចំណែក​លោក សេង ថា ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​អូរ​រាំង​ឪ បាន​ប្រាប់​តាម​ទូរស័ព្ទ​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២៣ នេះ​ថា ចំពោះ​ត្រី​ប្រា​នៅ​ក្នុង​ស្រះ​ធុតង្គ ស្ថិត​នៅ​ក្នុង​ឃុំ​គង​ជ័យ ស្រុក​អូរ​រាំង​ឪ ដែល​ងា​.​ប់​ជា​បន្តបន្ទាប់​នេះ គឺ​មាន​ទម្ងន់​រហូត​ដល់​រាប់​តោន​។ ហើយ​ចំពោះ​មូលហេតុ គឺ​ដោយសារ​តែ​មនុស្ស​ម្នា​ទៅ​លេង​ឱ្យ​ចំណី​ត្រី ហើយ​ទឹក​ឡើង​សម្បុរ​ខ្មៅ ព្រមទាំង​មិន​មានការ​លាង​ទឹកស្រះ ទើប​ជា​ហេតុ​បណ្ដាល​ឱ្យ​ត្រី​ពុល​ងា​.​ប់​យ៉ាង​ដូច្នេះ​។







 


Theme images by Radius Images. Powered by Blogger.