ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការសាកល្បងចុះបញ្ជីកំណើតទារក តាមប្រព័ន្ធបច្ចេកវិទ្យា ជាដំណើរឈានទៅរៀបចំការធ្វើអត្តសញ្ញាណបណ្ណតាមប្រព័ន្ធឌីជីថល និងជួយបញ្ចប់ការខុសឈ្មោះ ឬទិន្ន័យផ្សេងៗរបស់បុគ្គល


បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឱ្យដឹងថា​ បច្ចុប្បន្ន​ក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាន និងកំពុងសហការគ្នា អនុវត្តសាកល្បង​នូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។ ការសាកល្បងនេះ ជាជំហានថ្មីមួយទៀតនៃកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈបច្ចុប្បន្នការចុះបញ្ជីកំណើតទារកជាទូទៅ បាននិងកំពុងអនុវត្តតាមយន្តការប្រពៃណី ឬចុះដោយដៃលើទម្រង់ក្រដាស។

នាឱកាសអញ្ជើញជាអធិបតី នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តជម្ពូវណ្ណរាមក្បាលទន្សោង ស្ថិតក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពន្យល់ងាយៗទៅកាន់ប្រជាពលរដ្ឋ​ និងអង្គពិធីថា នៅពេលទារក ត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធឌីជីថល គឺទិន្នន័យនោះ នឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ​ ដើម្បីចេញលេខកូដអត្តសញ្ញាណទារក​សម្រាប់ប្រើប្រាស់តាមតម្រូវការ ចាប់ពីពេលចុះបញ្ជីរហូតដល់មរណភាព។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានមានប្រសាសន៍បន្ថែមទៀតថា​ បន្ទាប់ពីមានលេខកូដបញ្ជាក់កំណើតហើយនោះ នៅពេលធំធាត់ដល់អាយុចូលរៀន មាតាបិតា ឬអាណាព្យាបាល អាចប្រើប្រាស់លេខកូដនោះដើម្បីចុះឈ្មោះចូលរៀនជាការសម្រេច​ ហេីយជាមួយគ្នានេះ​ នៅពេលដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬលិខិតស្នាមផ្សេងៗ សាមីខ្លួនអាចប្រើប្រាស់លេខកូដនោះ ដើម្បីស្នើសុំសេវាតាមប្រព័ន្ធអនឡាញបានតែម្ដង។

បេីតាមឯកឧត្តមអភិសន្តិបណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ គម្រោងឈានទៅចុះបញ្ជីកំណេីតតាមប្រព័ន្ធឌីជីថលនេះ​ នឹងជួយដល់ការបញ្ចប់កំហុសខ្លះៗពាក់ព័ន្ធនឹងឈ្មោះ​ ឬទិន្នន័យបញ្ជាក់អត្តសញ្ញាណផ្សេងៗដែលប្រជាពលរដ្ឋមួយចំនួនបានជួបប្រទះ​ ដូចជាការខុសឈ្មោះ​ ភេទ​ ឬថ្ងៃខែឆ្នាំកំណេីតជាដេីម​ ដោយសារមន្ត្រីនឹងរៀបចំការងារនេះផ្អែកលេីទិន្នន័យដែលបានចុះបញ្ជីតាំងពីនៅជាទារក៕

អត្ថបទ ៖​ រ៉េន​ រតនៈ






















Theme images by Radius Images. Powered by Blogger.