រដ្ឋមន្ត្រីក្រសួងអប់រំ ៖ អំណានដោយប្រើមធ្យោបាយបច្ចេកវិទ្យាទំនើបចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថាន

រាជធានីភ្នំពេញ៖ បច្ចុប្បន្នបច្ចេកវិទ្យាកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ មធ្យោបាយសម្រាប់អំណានក៏មានច្រើនជម្រើសសម្រាប់អ្នកចូលចិត្តអំណាន រួមមាន៖ អានសៀវភៅលើឧបករណ៍អេឡិកតូនិក អាននៅលើទូរសព្ទវៃឆ្លាត និងអាននៅលើកុំព្យូទ័រ ដែលទាំងនេះសុទ្ធសឹងជាមធ្យោបាយសំខាន់ៗនាំអ្នកអានទាំងឡាយឱ្យសម្រេចគោលបំណងអានរបស់ខ្លួន។

ថ្លែងក្នុងទិវាជាតិអំណានលើកទី៨ ក្រោមប្រធានបទអំណានជាមាគ៌ាឆ្ពោះទៅបដិវត្តកម្មវិស័យអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ «អំណានដោយប្រើមធ្យោបាយបច្ចេកវិទ្យាទំនើបចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ»។ 

សម្រាប់ឆ្នាំ២០២៣នេះជាឆ្នាំទី៨ ដែលក្រសួងបានរៀបចំប្រារព្ធទិវាជាតិអំណានក្រោមប្រធានបទ «អំណានជាមាគ៌ាឆ្ពោះទៅបដិវត្តកម្មវិស័យអប់រំ»។ ដូចឆ្នាំកន្លងមកដែរ ក្រសួងបានបង្កើតការប្រកួតប្រជែងអាន ស្មូតកំណាព្យ និងតែងនិពន្ធនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិដើម្បីទទួល«ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»  ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសាបីសំខាន់ៗសម្រាប់សិស្សានុសិស្សរួមមាន៖ ១- ការប្រកួតប្រជែងអាន សម្រាប់សិស្សថ្នាក់ទី៦ ២- ការប្រកួតប្រជែងស្មូតកំណាព្យ សម្រាប់សិស្សថ្នាក់ទី៧ដល់ទី៩ និង៣-ការប្រកួតប្រជែងតែងនិពន្ធ សម្រាប់សិស្សថ្នាក់ទី១០ ដល់ទី១២។ ជាមួយគ្នានោះ ក្រសួងក៏មានការប្រកួតប្រជែងបកស្រាយប្រធានបទអក្សរសិល្ប៍និងទស្សនវិជ្ជា របស់មន្ត្រីអប់រំនិងមហាជន ផងដែរ។ 

គួររំលឹកផងដែរថា ក្នុងអំឡុងពេលនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបានជំរុញ ការអប់រំតាមបែបឌីជីថល និងការបង្រៀនពីចម្ងាយតាម បែបប្រពៃណី ដើម្បីលើកកម្ពស់អំណាន តាមរយៈការផ្ដល់សៀវភៅសិក្សាគោលដល់សិស្ស ការផលិតវីដេអូបង្រៀន ការបែងចែកសន្លឹកកិច្ចការឱ្យសិស្សយកទៅរៀននៅផ្ទះ និងការបង្ហោះមេរៀន និងឯកសារផ្សេងៗនៅតាមបណ្តាញផ្សព្វផ្សាយផ្លូវការ និងបណ្តាញផ្សព្វផ្សាយរបស់ដៃគូពាក់ព័ន្ធ។

យ៉ាងណាក្ដី ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា៖ «អ្នកសិក្សាមិនអាចមានលទ្ធភាពទទួលបាន និងចាប់យកឱកាសនៃអំណានដូចៗគ្នាបានទេ ដោយសារកត្តាភូមិសាស្ត្រ បច្ចេកវិទ្យា ធនធាន និងការចូលរួមរបស់ភាគីពាក់ព័ន្ធ»

Theme images by Radius Images. Powered by Blogger.